(អឺរ៉ុប) ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត បានថ្លែងចាត់ទុកបញ្ហា Online Scams គឺជា «សេដ្ឋកិច្ចខ្មៅ» បំផ្លាញកេរ្តិ៍ឈ្មោះជាតិ នាំឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍និងការវិនិយោគរបស់កម្ពុជា។ ការថ្លែងយ៉ាងដូច្នេះ ធ្វើឡើងក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយទីភ្នាក់ងារព័ត៌មានបារាំង AFP ក្នុងពេលសម្តេចកំពុងបំពេញទស្សនកិច្ច។ សម្តេចថែមទាំងបានប្រកាសពីការប្តេជ្ញាចិត្តចាត់វិធានការបោសសម្អាត Online Scams ចេញឱ្យអស់ពីកម្ពុជាដើម្បីកេរ្តិ៍ឈ្មោះជាតិ។
ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារបារាំង AFP ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត បានថ្លែងចាត់ទុកបញ្ហា Online Scams គឺជា «សេដ្ឋកិច្ចខ្មៅ» នេះកំពុងបំផ្លាញកេរ្តិ៍ឈ្មោះជាតិ និងប៉ះពាល់ដល់វិស័យទេសចរណ៍ និងការវិនិយោគ។ សម្តេចទទួលស្គាល់ថា ទោះបីOnline Scams បានរួមចំណែកជួយជំរុញវិស័យអចលនទ្រព្យ និងសំណង់ដោយប្រយោលក៏ដោយ ប៉ុន្តែរាជរដ្ឋាភិបាលមិនបានទទួលផលចំណេញពីសកម្មភាពទាំងនេះទេ។
ទាក់ទងនឹងការចាប់ខ្លួនលោក ចេន ហ្សី ទៅឱ្យចិន សម្តេច ហ៊ុន ម៉ាណែត បានពន្យល់ប្រាប់ AFP ថា ការចាប់បញ្ជូនខ្លួនលោក ចេន ហ្សី ទៅឱ្យប្រទេសចិន គឺជាជាងសហរដ្ឋអាម៉េរិក ពីព្រោះថា លោក ចេន ហ្សី ត្រូវបានសមត្ថកិច្ចកម្ពុជាសម្រេចដកសញ្ជាតិខ្មែរ ដោយសាររកឃើញប្រើប្រាស់ឯកសារក្លែងក្លាយដើម្បីទទួលបានសញ្ជាតិ ហើយក្រោយអស់សញ្ជាតិខ្មែរ គឺនៅសល់តែសញ្ជាតិចិនប៉ុណ្ណោះ។
នៅចំពោះមុខទីភ្នាក់ងារអន្តរជាតិ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជាថែមទាំងបានប្រកាសពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តបោសសម្អាត Online Scams ឱ្យអស់ចេញពីប្រទេសកម្ពុជា ក្នុងគោលដៅកសាងនិងការពារកេរ្តិ៍ឈ្មោះរបស់កម្ពុជាលើឆាកអន្តរជាតិ ជាពិសេសជួយដល់វិស័យទេសចរណ៍ និងការវិនិយោគរបស់កម្ពុជា។
យោងតាមរបាយការណ៍ពីក្រសួងមហាផ្ទៃកម្ពុជា តាមរយៈការបង្ការទប់ស្កាត់ និងការចុះបង្ក្រាបបោសសម្អាត Scams Online មកដល់ម៉ោងនេះ មានជនបរទេសប្រមាណជាង២១ម៉ឺននាក់ បានចាកចេញដោយស្ម័គ្រចិត្ដពីកម្ពុជា និង ប្រមាណជាង៣ម៉ឺននាក់ ត្រូវបណ្ដេញចេញ ចាប់បញ្ជូនទៅប្រទេសដើមកំណើតវិញ។
បច្ចុប្បន្ននេះ ប្រតិបត្តិការបោសសម្អាតបទល្មើស Online Scams របស់អាជ្ញាធរកម្ពុជានៅតែបន្តដូចភ្លៀងរលឹម ហើយក្រសួងមហាផ្ទៃបានដាក់ផែនការបោសសម្អាតបទល្មើសឆបោកតាមអនឡាញឱ្យអស់ត្រឹមខែមេសា៕ ដោយ៖តារា
រូបថត៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារបារាំង AFP។ រូបភាព: AFP


