(ខេត្តកំពត)៖ករណីអំពើហិង្សាដ៏គួរឱ្យរន្ធត់ និងរន្ធត់ចិត្តមួយបានកើតឡើងកក្រើកដល់សេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ ដោយបុរសជាអតីតប្ដីបានសម្រេចចិត្តបើកបររថយន្តតាមបាញ់ប្រហារអតីតប្រពន្ធរហូតដល់ស្លាប់ក្នុងទឹកដីស្រុកកំពង់ត្រាច រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយដើម្បីលុបបំបាត់កំហុស បណ្ដាលឱ្យស្លាប់បាត់បង់ជីវិតទាំងពីរនាក់កន្លែងកើតហេតុ។
ហេតុការណ៍ដ៏ក្រៀមក្រំនេះ បានកើតឡើងកាលពីវេលាម៉ោង ២ និង ១៥នាទីរសៀល ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចជិតផ្សារកំពង់ត្រាច តាមបណ្ដោយផ្លូវជាតិលេខ៣៣ ដែលស្ថិតក្នុងភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។
បើយោងតាមរបាយការណ៍បឋមពីសមត្ថកិច្ចនគរបាលមូលដ្ឋាន បានបង្ហាញអត្តសញ្ញាណជនរងគ្រោះ និងជនដៃដល់ដូចខាងក្រោម៖
ជនរងគ្រោះ (អតីតប្រពន្ធ): ឈ្មោះ ភូ ផេង ភេទស្រី អាយុ ២៣ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។
ជនដៃដល់ (អតីតប្ដី): ឈ្មោះ ម៉ាលី ចាន់តូ អាយុ ២៧ឆ្នាំ មានទីលំនៅស្នាក់នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ប្រភពដដែលបានបញ្ជាក់ឱ្យដឹងថា មុនពេលកើតហេតុ ជនដៃដល់ជាអតីតប្ដីបានបើកបររថយន្តម៉ាក ព្រុស (Prius) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BM-9205 ធ្វើដំណើរមកដល់ចំណុចកើតហេតុ។ លុះពេលបានឃើញជនរងគ្រោះជាអតីតប្រពន្ធ ជនសង្ស័យបានដកកាំភ្លើងខ្លីម៉ាក K54 បាញ់ប្រហារទៅលើអតីតប្រពន្ធចំនួន ៥គ្រាប់ចំៗ បណ្ដាលឱ្យស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុភ្លាមៗតែម្ដង។ ក្រោយពីធ្វើសកម្មភាពដ៏សាហាវឃោរឃៅរួច ជនដៃដល់រូបនោះ ក៏បានបន្តប្រើប្រាស់អាវុធខ្លីដើមដៃដដែលបាញ់ធ្វើអត្តឃាតសម្លាប់ខ្លួនឯងចំនួនច្រើនគ្រាប់ បណ្ដាលឱ្យស្លាប់ធ្លាក់ក្នុងសភាពដ៏រន្ធត់។
ជុំវិញមូលហេតុនៃទំនាស់ឈានដល់ការបាញ់សម្លាប់គ្នានេះ លោក ភូ សេង ដែលត្រូវជាឪពុកបង្កើតរបស់ស្ត្រីរងគ្រោះ បានរៀបរាប់ឱ្យដឹងថា កូនស្រីរបស់គាត់ និងអតីតប្ដីរូបនេះ តែងតែមានទំនាស់ទាស់ទែង និងឈ្លោះប្រកែកគ្នាពាក្យសម្ដីតាមទូរសព្ទជាញឹកញាប់ អស់រយៈពេលជាងកន្លះខែកន្លងមកហើយ។ ប៉ុន្តែ រហូតមកដល់ថ្ងៃកើតហេតុ ជនសង្ស័យបានតាមមកដល់ទីតាំងកើតហេតុ និងឈានដល់ការប្រើប្រាស់អំពើហិង្សាបាញ់សម្លាប់គ្នាបង្កជាសោកនាដកម្មបែបនេះតែម្ដង។
ក្រោយពេលកើតហេតុភ្លាម កម្លាំងសមត្ថកិច្ចជំនាញនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច សហការជាមួយកម្លាំងការិយាល័យជំនាញខេត្ត និងអាជ្ញាធរដែនដី បានចុះដល់ទីតាំងកន្លែងកើតហេតុ និងកំពុងបន្តបើកការស្រាវជ្រាវ ធ្វើកោសល្យវិច័យយ៉ាងម៉ត់ចត់ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់បន្ត៕

Trending
- ទ័ពការទូត និងច្បាប់លើបញ្ហាដែនសមុទ្រកម្ពុជា និងថៃ ចេញដំណើរទៀតហើយ!
- ធ្លាយថាលោកមេឃុំព្រាល ស្រុកកញ្ជ្រៀច កំណត់យកលុយពីឈ្មួញដីបានសម្រេច២០.០០០ដុល្លារ ជាថ្នូរនឹងស៊ីញេផ្ទេរកម្មសិទ្ធិដីធ្លី!
- លោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាល នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បានចាត់ឲ្យមន្រ្តីចុះទៅសួរនាំម្ចាស់ហាងលក់ម៉ូតូ១កន្លែងឈ្មោះ.ចែ ហ៊ួយ!
- ក្រុមប៉ូលិសស្រុកសំរោងទង ឃាត់ខ្លួនសង្ស័យ៥នាក់ ករណីវាយប្លន់យកម៉ូតូ ខណៈមុខសញ្ញាខ្លះធ្លាប់ជាប់ពន្ធនាគារ!
- ទីបំផុត ប្រាសាទមេបុណ្យខាងលិច ត្រូវបានសម្ពោធជាផ្លូវការ ក្រោយជួសជុលអស់១៤ឆ្នាំ!
- បុរសម្នាក់តាមបាញ់ប្រហារអតីតប្រពន្ធ៥គ្រាប់ស្លាប់ក្នុងស្រុកកំពង់ត្រាច រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ!
- ខេត្តកំពង់ចាម បង្ហាញផលិតផលក្នុងស្រុកទៅកាន់ឆាកអន្តរជាតិ តាមរយៈព្រឹត្តិការណ៍ភូមិហ្វ្រង់កូហ្វូនី នៅរាជធានីភ្នំពេញ!
- លោកហែម វីរៈប្រធានក្រុមការងារចុះជួយឃុំមេសរជ្រៃ នាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមហ៊ុន ម៉ានិតនិងលោកជំទាវជូនប្រជាពលរដ្ឋចំនួន20គ្រួសារ!

