ខេត្តត្បូងឃ្មុំ៖ ករណីមេឆ្នោតវៀតណាម ឬឆ្នោតកន្ទុយលេខខុសច្បាប់ ដែលកំពុងដើរពង្រាយកូនកញ្ច្រែងដើម្បីកត់ និងលក់អោយប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រ ខេត្តត្បូងឃ្មុំ គឺជាបញ្ហាល្បែងស៊ីសងមួយដែលកំពុងកើតមាន និងបង្កការព្រួយបារម្ភដល់សន្តិសុខសណ្តាប់ធ្នាប់សង្គម។
កន្លងមក មានសេចក្តីរាយការណ៍ និងការរិះគន់ជាហូរហែពីប្រជាពលរដ្ឋ ក៏ដូចជាសារព័ត៌មានក្នុងស្រុក អំពីសកម្មភាពរបស់ក្រុមកាងឆ្នោតវៀតណាមមួយចំនួន ដែលថែមទាំងហ៊ានប្រើប្រាស់ឈ្មោះថ្នាក់ដឹកនាំ ឬសមត្ថកិច្ច ដើម្បីកាង និងបង្ខំឱ្យកូនកញ្ច្រែងដើរកត់លក់យ៉ាងអនាធិបតេយ្យ។
ប្រភពបានរាយការណ៍ថា ពិសេសមានក្រុម S56 ដែលមានមេធំឈ្មោះ សិដ្ឋ ។
ជាក់ស្តែងទីតាំងកូនកញ្រ្ចែងរបស់ពួកគេមួយកន្លែងដែលមានអ្នកកត់ ឈ្មោះ ចែ ច្រិប នៅភូមិជីទ្រុន ឃុំ ត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំកំពុងកត់លេងយ៉ាងរំភើយដោយមិនរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចឡើយ។
ទាំងនេះមហាជនដាក់ការសង្ស័យថា ប្រហែលក្រុម មេ សិដ្ឋ មានថ្នាំមន្តសណ្តំបន្ទន់ចិត្ត ធ្វើអោយជំនាញពាក់ព័ន្ធបាំងភ្នែកបាក់លោងកំរើកលែងរួច បានគ្មានចំណាត់ការបង្រ្កាបល្បែងខុសច្បាប់ទាំងនេះសោះឡើយ។
ពាក់ព័ន្ធករណីខាងលើ អង្គភាពយើងបានសការបំភ្លឺពីលោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្ត តាមសារអេឡិចត្រូនិច តេលេក្រាមប៉ុន្តែលោកចូលមើលមិនមានការឆ្លើយតប។
ចំពោះលោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា អង្គភាពយើងមិនទាន់មានលេខទំនាក់ទំនងបានទេ។
នៅពេលដែលល្បែងស៊ីសងខុសច្បាប់រីកដុះដាលដូចផ្សិត វានឹងជះឥទ្ធិពលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរ និងផ្ទាល់ទៅលើសុវត្ថិភាព ស្ថិរភាព និងសណ្ដាប់ធ្នាប់សង្គមនៅក្នុងភូមិ-ឃុំ។ ផលប៉ះពាល់ចម្បងៗមានដូចជា៖
• ការកើនឡើងនៃបទល្មើស និងអំពើចោរកម្ម៖ នៅពេលអ្នកលេងល្បែងចាញ់អស់ប្រាក់កាស ពួកគេអាចនឹងប្រព្រឹត្តបទល្មើសផ្សេងៗដូចជា ចោរកម្ម លួច ឆក់ ប្លន់ និងការជំរិតទារប្រាក់ ដើម្បីយកមកបន្តលេងល្បែង ឬសងបំណុល។
• អំពើហិង្សាក្នុងគ្រួសារ៖ ល្បែងស៊ីសងជាដើមហេតុចម្បងនៃជម្លោះក្នុងគ្រួសារ បង្កជាអំពើហិង្សា រហូតឈានដល់ការបែកបាក់គ្រួសារ ដោយសារតែការខាតបង់ទ្រព្យសម្បត្តិ និងសម្ពាធបំណុល។
• ការរីករាលដាលនៃបនល្បែង និងគ្រឿងញៀន៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ ច្រើនតែជាកន្លែងប្រមូលផ្តុំនៃក្រុមក្មេងទំនើង និងអាចមានការជួញដូរ ឬប្រើប្រាស់គ្រឿងញៀនបង្កប់នៅទីនោះ ដែលធ្វើឱ្យភូមិឃុំបាត់បង់ភាពសុខសាន្ត។
• បញ្ហាបំណុលវង់ជំពាក់ និងការទារបំណុលបែបព្រៃផ្សៃ៖ ការខ្ចីបុលដើម្បីលេងល្បែងនាំទៅរកការទារបំណុលខុសច្បាប់ ដែលជារឿយៗបង្កជាការគំរាមកំហែង ប្រើអំពើហិង្សា ឬបង្ខាំងមនុស្សខុសច្បាប់នៅក្នុងសហគមន៍។
• ការធ្លាក់ចុះសីលធម៌សង្គម៖ ក្មេងៗ និងយុវជនក្នុងភូមិអាចនឹងយកតម្រាប់តាម ឈប់រៀនសូត្រ ដែលធ្វើឱ្យប៉ះពាល់ដល់អនាគត និងធនធានមនុស្សនៅក្នុងមូលដ្ឋាន។
សរុបមក កាលណាមានល្បែងស៊ីសងខុសច្បាប់កាន់តែច្រើន លក្ខណៈសម្បត្តិទាំង ៧ យ៉ាងនៃគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល នឹងត្រូវរង្គោះរង្គើ ហើយប្រជាពលរដ្ឋនឹងរស់នៅក្នុងភាពភ័យខ្លាច និងគ្មានសុវត្ថិភាព។
អង្គភាពយើងខ្ញុំរងចាំការបកស្រាយបំភ្លឺរាងរាល់ម៉ោងធ្វើការចំពោះព័ត៌មាននេះ។
