(ភ្នំពេញ)៖ ជាមោទនភាពថ្មីមួយសម្រាប់ខេត្តកំពង់ចាម ដែលក្រោមការដឹកនាំរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត បានយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍខេត្តលើគ្រប់វិស័យ ព្រមទាំងលើកកម្ពស់ផលិតផលក្នុងស្រុកឱ្យកាន់តែមានភាពលេចធ្លោ និងមានឱកាសផ្សព្វផ្សាយទៅកាន់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។
ជាក់ស្តែង តាមរយៈកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ខេត្តកំពង់ចាមបាននាំយកផលិតផលសក្តានុពលរបស់ខ្លួនទៅចូលរួមតាំងបង្ហាញក្នុងព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» ដែលរៀបចំឡើងនៅសួនច្បារមុខវត្តបទុមវតី រាជធានីភ្នំពេញ។
ការចូលរួមតាំងពិព័រណ៍នេះ គឺជាឱកាសដ៏សំខាន់សម្រាប់ការផ្សព្វផ្សាយពីអត្តសញ្ញាណ សក្តានុពល និងផលិតផលក្នុងស្រុករបស់ខេត្តកំពង់ចាម ជូនដល់ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងជួយបង្កើនការស្គាល់ និងជំរុញឱកាសទីផ្សារសម្រាប់ផលិតផលរបស់ប្រជាពលរដ្ឋក្នុងខេត្ត។
នេះក៏ជាការចូលរួមចំណែកក្នុងការលើកស្ទួយផលិតផលខ្មែរ គាំទ្រដល់សហគ្រាសក្នុងស្រុក និងផ្សព្វផ្សាយសក្តានុពលរបស់ខេត្តកំពង់ចាមឱ្យកាន់តែទូលំទូលាយទៅកាន់ពិភពលោក តាមរយៈព្រឹត្តិការណ៍អន្តរជាតិដ៏មានសារៈសំខាន់នេះ៕