(សៀមរាប)៖ ទីបំផុត ប្រាសាទមេបុណ្យខាងលិច ដែលស្ថិតនៅកណ្ដាលបារាយណ៍ទឹកថ្លា ត្រូវបានសម្ពោធជាផ្លូវការហើយ នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បន្ទាប់ពីឆ្លងកាត់ការងារជួសជុល និងអភិរក្សអស់រយៈពេល១៤ឆ្នាំ ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំង ក្នុងការថែរក្សា និងការពារបេតិកភណ្ឌវប្បធម៌។
ពិធីសម្ពោធជាប្រវត្តិសាស្ត្រនេះ ប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងវត្តមានលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង។
ប្រាសាទមេបុណ្យខាងលិច ជាសំណង់បុរាណដ៏សំខាន់មួយក្នុងតំបន់អង្គរ ដែលស្ថិតនៅលើកោះកណ្ដាលបារាយណ៍ទឹកថ្លា។ ជាងមួយទសវត្សរ៍មកនេះ ក្រុមអ្នកជំនាញខ្មែរ និងបារាំង ប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីស្ដារទីសក្កាបុរៈចំណាស់មួយនេះ ឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ។
ការបើកសម្ពោធជាផ្លូវការនាពេលនេះ មិនត្រឹមតែជាការបញ្ចប់ដំណើរការជួសជុលប្រាសាទមេបុណ្យខាងលិចប៉ុណ្ណោះទេ ប៉ុន្តែក៏ជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ការអភិរក្សបេតិកភណ្ឌ និងទំនាក់ទំនងវប្បធម៌រវាងកម្ពុជា និងបារាំងផងដែរ៕


