ពលរដ្ឋសំណូមពរលោកអធិការ សាំ ហេង និង លោកវរសេនីយ៍ត្រី ខែម សុធារ័ត្ន បង្រ្កាបទីតាំងល្បែងជល់មាន់អនឡាញនៅភូមិដូង ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ!

0

(ខេត្តត្បូងឃ្មុំ)៖ ពលរដ្ឋរស់នៅភូមិដូង ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានរាយការណ៍មកថា ល្បែងស៊ីសងជល់មាន់ខុសច្បាប់តាមប្រព័ន្ធទូរទស្សន៍អនឡាញមួយកន្លែងកំពុងតែបើកដំណើរការឱ្យក្រុមអ្នកញៀនល្បែងចេញចូលលេងយ៉ាងសប្បាយ ស្រែកហោកញ្រ្ជៀវត្រហឹងកងរំពង ដោយមិនញញើតនិងសមត្ថកិច្ចនោះទេ។

ប្រជាពលរដ្ឋនៅក្នុងតំបន់នោះកើតជាចម្ងល់ថា តើល្បែងស៊ីសងជល់មាន់ខុសច្បាប់អនឡាញនេះហេតុអ្វីមិនដែលឃើញមានសមត្ថកិច្ចចុះមកទប់ស្កាត់ឬបង្ក្រាបទាល់តែសោះ។

ភាពស្ងៀមស្ងាត់របស់អាជ្ញាធរ ជាពិសេសនគរបាលស្រុក ក៏ដូចស្នងការដ្ឋាន ធ្វើឲ្យប្រជាពលរដ្ឋនៅតំបន់នោះមានមន្ទិលសង្ស័យថា តិចអស់លោកសមត្ថកិច្ចទាំងនោះបានលាបសក្ការៈពីក្រុមល្បែងទាំងនេះទេដឹង?
រឿងល្បែងស៊ីសងមាន់ជល់អនឡាញនេះ ធ្វើឲ្យប្រជាពលរដ្ឋ ជំពាក់គេនិងត្រូវដោះបំណុល អ្នកខ្លះភ្នាល់ចាញ់ផ្ទួនៗជាច្រើនថ្ងៃជាប់គ្នា,កកើតអារម្មណ៍មួម៉ៅ ក្រពុលមុខ មកផ្ទះវិញ ឈ្លោះប្រកែកប្រពន្ធកូន និងប្រើអំពើហិង្សាក្នុងគ្រួសារក៏មាន។ ព្រោះថា អ្នកលេងល្បែង ពេលឈ្នះមុខ ខ្លាញ់ ពេលចាញ់មុខសេះ បើចាញ់ច្រើនកាលណា អ្វីៗក៍ហ៊ានធ្វើ អាចកើតជាអំពើចោរលួច ចោរ ប្លន់ និងអំពើអសន្តិសុខក្នុងមូលដ្ឋានជាដើមចមកើតចេញពីល្បែងសុីសងនេះឯង។

ពាក់ព័ន្ធនិងករណីខាងលើ នៅថ្ងៃទី៧ ខែសីហាឆ្នាំ២០២៥ នេះ លោកវរសេនីយ៍ឯក ស ហេង អធិការ នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ និងលោកវរសេនីយ៍ត្រី ខែម សុធារ័ត្ន មេបញ្ជាការមូលដ្ឋានអាវុធហត្ថស្រុកត្បូងឃ្មុំ ភ្ងាក់ងារយើងមិនអាចសុំការបកស្រាយបានទេ ដោយទូរស័ព្ទចូលពុំមានអ្នកលើក ។

ប្រជាពលរដ្ឋនៅទីតាំងល្បែងខាងលើស្នើសុំលោកឧត្តម សេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្ត,ជាពិសេសលោក ប៉ែន កុសល អភិបាលខេត្តត្បូងឃ្មុំ មេត្តា អន្តរាគមន៍ចាត់កម្លាំងជំនាញ ចុះបង្ក្រាបទីតាំងល្បែងសុីសងមាន់ជល់អនឡាញចំណុចខាងលើដោយក្ដីអនុគ្រោះ ដើម្បីអនុវត្តឲ្យនូវ គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពទាំង៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួង មហាផ្ទៃ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សង្គម ជូនប្រជាពលរដ្ឋផង៕

Share.
Leave A Reply

Exit mobile version